Child Safe Tourism

January 8, 2014

ធ្វើការ​ដើម្បីការ​ពារកុមារ​ពិការ

សំណេរ​របស់​ភ្ញៀវ – Laurie Ahern នាយកអង្គការ​សិទ្ធិជនពិការ​អន្ដរជាតិ

មារ​ប្រមាណ ៨ ទៅ ១០ លាន​នាក់រស់នៅក្នុងមណ្ឌល​ថែទាំ ឬស្ថាប័ន​ថែ​ទាំ​កុមារ​នៅ​ ទូទាំង​ពិភពលោក។ កុមារទាំងឡាយដែលកើ​ត​មក​មានពិការ​ភាព​ ច្រើនតែងាយ​រង​គ្រោះ​ចំពោះ​ការ​ទុក​ចោល ឬ​បំភ្លេច​ចោល ​ដោយភាគច្រើន​ពួកគេ​ត្រូវ​បាន​ទុក​ចោល ឬ​បំភ្លេច​ចោល តាំង​ពី​កើត​មក​ភ្លាម​ម្លេះ។ ក្នុង​ប្រទេស​មួយចំនួន វេជ្ជ​បណ្ឌិត​លើកទឹកចិត្ដឪពុក​ម្ដាយ​ឲ្យ​បោះបង់កូន​ពិការ​ ហើយ​ក្នុងប្រទេស​មួយចំនួន​ទៀត កុមារ​ដែលកើត​មក​ពិការ​ត្រូវ​បានគេចាត់​ទុកថា​ជា​បណ្ដាសារ ឬការដាក់​ទណ្ឌកម្មចំពោះគ្រួសារ។ ប៉ុន្តែក្នុងករណីជាច្រើនគ្រួសារ​តែង​រក្សា​កូន​របស់​ខ្លួន​នៅ​ផ្ទះ​ ប្រសិនបើពួកគេ​គេ​មានការគាំទ្រគ្រប់គ្រាន់។ កុមារ​រហូត ៩៥% ដែល​រស់​នៅ​ក្នុង​មណ្ឌល​​ថែទាំ​ត្រូវ​បាន​រាយការណ៍ថា​ពួកគេ​​មានឪពុក ឬម្ដាយ​នៅរស់ ឬមាន​សាច់ញាតិ។ ប៉ុន្ដែដោយការកត្តា​ពិការភាពត្រូវបានផាត់ចេញ​ពីសង្គម និង ភាពក្រីក្រ​ទៅវិញ​ទេ ​ដែល​បា​ន​រុញច្រាន​​​កុមារ​ជាច្រើន​ឲ្យ​ធ្លាក់ចូលមក​ក្នុងគ្រឹះស្ថានទាំងអស់នេះ។

ក្នុង​រយៈកាល​​​ជាង ២០ ឆ្នាំ កន្លងទៅ អង្គការ​សិទ្ធិ​ជន​ពិការ​អន្ដរ (DRI) បាន​ចងក្រង​ឯកសារស្ដីពី​ស្ថានភាព​​​កុមារ​ពិការដែល​ត្រូវ​បាន​គេបង្ខិតបង្ខំ​ឲ្យ​រង​ទុក្ខ​វេទនា​ក្នុងគ្រឹះស្ថាន​ទាំង​អស់នោះ។ ពុំមានកុមារ​ណាម្នាក់​គួរ​ធំឡើង​ក្នុង​មណ្ឌលថែទាំនោះ​ឡើយ ប៉ុន្តែ​មណ្ឌលថែទាំ​​ទាំង​នេះ ជា​កន្លែង​ប្រកប​ដោយ​គ្រោះថ្នាក់​ជាពិសេស​​ថែមទៀត​សម្រាប់កុមារ​ពិការ។

កុមារ និង មនុស្ស​វ័យ​ក្មេង​ដែ​ល​មានពិការភាពមានហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​ការ​​រំលោភបំពានជាង​អ្នកដែល​គ្មាន​ពិការភាព​។ ពេលត្រូវ​បានបំបែក​ចេញពី​ការការពារ​របស់​គ្រួ​សារ​ ហើយ​ត្រូវ​បាន​ដាក់​ចូលក្នុងស្ថាប័ន​ដែល​ពួកគេត្រូវ​ជួប​ជាមួយ​អ្នកថែទាំច្រើន​នាក់ ហានិភ័យ​នៃ​ការ​រំលោភ​បំពាន ការ​កេងប្រវ័ញ្ចលើ​កុមារ​ងាយរងគ្រោះរួចស្រេច​ទៅ​ហើយ​ទាំងអស់​នេះ​ គឺ​កាន់​តែ​​កើន​ឡើង​ថែម​ទៀត។ កុមារ​ក្នុង​ស្ថាប័ន​ធ្លាប់​ត្រូវបាន​ជួញដូ​រ​ឲ្យ​លក់​ភេទ លក់សរីរាង្គ និង​​លក់​ពលកម្ម។ ចំណែក​នៅក្នុងបណ្ដា​ប្រទេសដែលនៅ​​មាន​ជំនឿ​ខុសឆ្គង​ស្ដីពី “ព្រហ្មចារីយ៍អាច​ព្យាបាល​​ជំងឺ​អេដស៍” ឯណោះវិញ ស្ដ្រី និងក្មេងស្រីពិការ​ត្រូវ​បាន​រាយការណ៍​ថារង​ការ​រំលោភ​សេពសន្ថវៈបី​ដង​ច្រើន​ជាង​ធម្មតា ​ អាស្រ័យ​ដោយ​ការ​​សន្មត់​​ថា ដោយសារតែ​ពួកគេ​ពិការ ពួកគេ​ច្បាស់ជានៅ​ព្រហ្មចារីយ៍។ ខាងក្រោយទ្វា​បិទជិត​នៃស្ថាប័ន​ទាំង​នោះ កុមារ​ពិការ​អាច​ក្លាយ​ជា​គោលដៅ​ដ៏​ងាយ​ស្រួល​ជាពិសេស​សម្រាប់ការ​រំលោភបំពានផ្លូវ​ភេទ។ ពួកគេ​កាន់តែ​ងាយ​រង​គ្រោះ​ថែម​ទៀត ព្រោះពួកគេមិនសូវ​បានទទួលអន្ដរគមន៍​ប៉ូលីស និងការ​ការពារ​ផ្លូវ​ច្បាប់​ទេប្រសិន​បើ​ពួកគេ​រាយការណ៍អំពីបទពិសោធន៍ទាំងអស់នេះ ​ដោយហេតុថា​ជារឿយៗ​ច្រើនតែ​មិន​មាន​នរណា​ជួយ​ពួកគេ ឬផ្ដល់សារៈសំខាន់ដល់ពួកគេ​ដូច​កុមារ ឬ​មនុស្ស​ផ្សេងទៀត​ដែល​គ្មាន​ពិការភាព។

ក្រុមហ៊ុន​ជាច្រើន​ផ្ដល់​វិស្សមកាល​ដើម្បី​ធ្វើ “ការងារ​ស្ម័គ្រចិត្ដ” នៅ​គ្រឹះស្ថាន​មណ្ឌលថែទាំកុមារ​ក្នុង​បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ជារឿយៗអ្នក​ស្ម័គ្រ​ចិត្ដ​ពុំ​ត្រូវ​បាន​ពិនិត្យ​សាវតា​ទេ​ ហើយ​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយកុមារ​នៅ​មណ្ឌលទាំងនោះ​ច្រើនតែពុំ​មាន​អ្នក​មើល​ខុស​ត្រូវ។ ចំណុច​នេះ ផ្ដល់នូវ​លទ្ធភាព​ចូលទៅ​រក​កុមារងាយ​រង​គ្រោះ​ខ្លាំង​ដោយ​សេរី។ អង្គការ DRI បាន​រកឃើញ​កុមារ​ពិការ​ដែល “បាត់ខ្លួន” ពីមណ្ឌលថែទាំ ហើយក៏​បានរកឃើញ​ករណីក្មេង​ជំទង់​នៅក្នុងមណ្ឌលថែទាំ​ដែល​មាន​អសមត្ថភាព​ខាង​ការ​អភិវឌ្ឍ ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ប្រកប​ដោយ​ការ​កេង​ប្រវ័ញ្ច​នៅតាមផ្ទះ​របស់​បុគ្គលិក​ធ្វើការ​នៅ​មណ្ឌល​​ថែទាំ​ផងដែរ។

ឪពុកមា្ដយ​ដែលចង់​រក្សា​កូន​ពិការ​របស់ខ្លួន ច្រើនតែ​ពុំបានទទួល​ការជួយ​ជ្រោម​ជ្រែង ឬការ​គាំទ្រ​ទាល់តែសោះ។ ប៉ុន្ដែថ្វីបើមានភស្ដុតាង​ដ៏​ច្រើនលើសលប់ថាស្ថាប័ន​ថែទាំគឺ​គ្រោះថ្នាក់​​ចំពោះ​សុខុមាលភាព​របស់កុមារ​ក្ដី ក៏នៅ​តែមាន​លុយរាប់លាន​ដុល្លា​ត្រូវបានចំណាយនៅ​ទូទាំង​ពិភពលោក​ដើម្បីកសាងបរិក្ខារ​សម្រាប់កុមារ​ពិការ ​ជំនួសឲ្យ​ការ​ផ្ដល់ការ​គាំទ្រដល់គ្រួសារ គ្រួសារ​​​ជំនួស​​ក្នុងគ្រាចាំបាច់ សេវាសហគមន៍ និងការអប់រំ​ទៅវិញ។ ​តាមរយៈ យុទ្ធនាការ​ដើម្បី​បញ្ឈប់ការ​ដាក់បញ្ចូល​កុមារ​ក្នុងស្ថាប័ន​ថែទាំនៅទូទាំង​ពិភពលោក DRI កំពុងធ្វើការ​ដើម្បី​បង្កើត​មតិជា​ឯកច្ឆ័ន​ទូទាំង​ពិភព​លោកថា គេ​អាច​បញ្ឈប់​ការ​ដាក់​កុមារ​ទៅ​​ក្នុងស្ថាប័ន​ថែទាំបាន ហើយ​ការ​ដាក់​កុមារ​ទៅ​ក្នុង​ស្ថាប័ន​ថែទាំ​បែបនេះគួរ​​​ត្រូវ​បាន​​បញ្ឈប់។

សូម​គិត​ឲ្យ​បានសព្វ​ជ្រុងជ្រោយ​មុន​នឹង​ស្ម័គ្រ​ចិត្ដ ឬទៅទស្សនកិច្ច​កុមារ​ក្នុង​មណ្ឌល​ថែទាំ។ សូម​សម្លឹងរក​ឱកាស​ផ្សេង​ៗដើម្បីគាំទ្រគ្រួសារ និងសហគមន៍ឲ្យ​ចេះ​ថែទាំ​កុមារ​របស់គេវិញ។ សម្រាប់​ព័ត៌មាន​បន្ថែម​ ​ស្ដីពីគ្រោះថ្នាក់​នៃការ​ដាក់កុមារ​​ទៅ​ក្នុងមណ្ឌល​ថែទាំ និង​ផលប៉ះពាល់​នៃ “ទេសចរណ៍​ទៅកាន់​មណ្ឌល​កុមារ​កំព្រា” មកលើ​កុមារសូម​មើល​នៅទីនេះ